Romans 3

1ដូច្នេះតើ​ជនជាតិ​យូដា​មាន​អ្វីប្រសើរ​លើស​គេ​ហើយ​ការ​កាត់ស្បែក​មាន​ប្រយោជន៍អ្វីដែរ? 2ប្រសើរច្រើនក្នុងគ្រប់ជំពូក​គឺ​មុនដំបូងព្រះជាម្ចាស់​បាន​ផ្ទុកផ្ដាក់ព្រះបន្ទូល​ដល់​ពួកគេ 3ចុះបើ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេមិនជឿ​តើ​យ៉ាង​ដូចម្ដេចដែរ? ​តើ​ភាព​គ្មានជំនឿ​របស់​ពួកគេ​នឹង​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​ព្រះជាម្ចាស់? 4មិនមែនដូច្នោះទេ! ​ព្រះជាម្ចាស់​នៅតែ​ពិតត្រង់ទោះបី​ជា​មនុស្សគ្រប់គ្នា​ជា​អ្នកកុហក​ក្ដី​ដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ដើម្បីឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិតនៅក្នុងព្រះបន្ទូល​របស់​ព្រះអង្គហើយ​មាន​ជ័យជំនះនៅពេល​គេ​ជំនុំជម្រះព្រះអង្គ»។ 5បើសេចក្ដី​ទុច្ចរិត​របស់​យើងបង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច? ​តើព្រះជាម្ចាស់ទុច្ចរិត​ដែរ​​នៅពេល​ព្រះអង្គដាក់ទោស​យើង​(​គឺ​ខ្ញុំ​និយាយតាមបែបមនុស្ស​ទេ​)? 6មិនមែនដូច្នោះទេ! ​បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន​តើ​ព្រះអង្គ​នឹង​ជំនុំជម្រះពិភពលោក​យ៉ាង​ដូចម្ដេច? 7ម្យ៉ាងទៀតបើ​សេចក្ដី​កុហក​របស់​ខ្ញុំធ្វើឲ្យសេចក្ដីពិត​របស់​ព្រះជាម្ចាស់ចម្រើនឡើងដើម្បី​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គវិញតើ​ហេតុអ្វី​ខ្ញុំ​នៅតែ​ជាប់​ជំនុំជម្រះទុកជា​មនុស្ស​បាបដូច្នេះ? 8ហើយហេតុអ្វី​យើង​មិន​និយាយ​ថា​ចូរ​យើង​ធ្វើ​ការ​អាក្រក់ដើម្បី​ឲ្យ​ការ​ល្អកើត​ចេញ​មក? ​ដូចជា​មនុស្ស​មួយចំនួន​បាន​និយាយបង្ខូចយើងថាយើងនិយាយ​ដូច្នេះ។ ​អ្នក​ទាំងនោះ​ដែល​និយាយ​ដូច្នេះសមតែ​ទទួល​ការ​ជំនុំជម្រះ! 9បើដូច្នេះ​តើ​យើង​ល្អ​ជាង​គេ​? ​មិនមែន​ដូច្នោះ​ទេដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថាទោះជា​ជនជាតិ​យូដាក្ដី​ជនជាតិ​ក្រេកក្ដី​សុទ្ធតែ​ស្ថិត​នៅក្រោមបាបទាំងអស់គ្នា 10ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«គ្មាន​មនុស្ស​ណា​សុចរិតឡើយសូម្បីតែម្នាក់​ក៏​គ្មាន​ដែរ 11គ្មានមនុស្ស​ណា​ម្នាក់​យល់គ្មាន​មនុស្ស​ណា​ម្នាក់​ស្វែងរកព្រះជាម្ចាស់ឡើយ 12មនុស្សគ្រប់គ្នា​បាន​វង្វេង​ហើយ​ត្រលប់ជា​ឥតបានការទាំងអស់គ្នាគ្មានអ្នកណាម្នាក់ធ្វើល្អឡើយសូម្បីតែម្នាក់​ក៏​គ្មាន​ដែរ 13បំពង់គេ​ជា​ផ្នូរចំហ​គេ​ប្រើអណ្ដាត​បោក​បញ្ឆោត​ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយពិសពស់វែក 14មាត់របស់​គេពេញដោយបណ្ដាសារនិង​សេចក្ដី​ជូរចត់ 15ជើងរបស់​គេរហ័ស​នឹង​បង្ហូរឈាម 16ហើយផ្លូវ​របស់​គេ​មាន​តែ​សេចក្ដីវិនាសនិងសេចក្ដីវេទនា 17ហើយគេ​មិនស្គាល់ផ្លូវ​នៃ​សេចក្ដី​សុខសាន្តទេ 18នៅចំពោះភ្នែក​របស់​ពួកគេគ្មាន​ការ​កោតខ្លាចព្រះជាម្ចាស់សោះ»។ 19យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុក​ក្នុង​គម្ពីរវិន័យ​សម្រាប់​តែ​អស់​អ្នកនៅក្រោមគម្ពីរវិន័យដើម្បីបិទមាត់​មនុស្ស​ទាំងអស់ហើយ​ឲ្យ​ពិភពលោកទាំងមូលស្ថិត​នៅក្រោម​ការជំនុំជម្រះ​របស់​ព្រះជាម្ចាស់ 20ដូច្នេះគ្មានមនុស្សណា​អាច​រាប់​ជា​សុចរិតនៅចំពោះព្រះជាម្ចាស់​បាន​ដោយសារ​ការ​ប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយដ្បិតដោយសារគម្ពីរវិន័យ​យើង​ស្គាល់បាប​កាន់តែ​ច្បាស់។ 21ប៉ុន្ដែឥឡូវនេះក្រៅពីគម្ពីរវិន័យ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ដោយ​មាន​គម្ពីរវិន័យនិង​ពួក​អ្នកនាំព្រះបន្ទូលធ្វើបន្ទាល់​ទៀត​ផង 22គឺជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារជំនឿ​លើ​ព្រះ​យេស៊ូគ្រិស្ដ​ហើយ​សម្រាប់អស់អ្នកដែលជឿដោយមិនខុសប្លែកគ្នាឡើយ 23មនុស្សទាំងអស់​បាន​ធ្វើបាបហើយខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ 24ប៉ុន្ដែត្រូវ​បាន​រាប់​ជា​សុចរិតដោយ​ឥត​គិតថ្លៃ​ឡើយ​ដោយសារ​ព្រះគុណ​របស់​ព្រះអង្គតាមរយៈ​ការ​ប្រោសលោះ​ដែល​នៅក្នុង​ព្រះ​យេស៊ូគ្រិស្ដ 25គឺព្រះជាម្ចាស់​បាន​ប្រគល់ព្រះយេស៊ូ​ទុកជា​យញ្ញបូជាប្រោសលោះដោយសារឈាម​របស់​ព្រះអង្គតាមរយៈជំនឿដើម្បីបង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។ ​ព្រះជាម្ចាស់​មិន​បាន​ដាក់ទោសបាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពីមុន​ទេ 26ដោយសារសេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គដើម្បីបង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គនៅគ្រានេះ​ដូច្នេះ​ព្រះអង្គ​ផ្ទាល់​សុចរិតព្រមទាំងរាប់​អស់​អ្នកដែលជឿ​លើ​ព្រះ​យេស៊ូ​ជា​សុចរិត​ដែរ។ 27ដូច្នេះហើយ​តើ​យើង​មាន​អ្វីអួតអាង? ​គ្មានទេ! ​ចុះ​សំអាងលើគោលការណ៍អ្វី? ​គោលការណ៍​នៃ​ការ​ប្រព្រឹត្ដិ​ឬ? ​ទេ​មិនមែនទេគឺសំអាងលើក្រឹត្យក្រម​នៃ​ជំនឿវិញ! 28ដ្បិតយើង​យល់​ឃើញ​ថាមនុស្សម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿមិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរវិន័យ​ទេ។ 29តើព្រះជាម្ចាស់​ជា​ព្រះ​របស់​ជនជាតិ​យូដា​ប៉ុណ្ណោះ​? ​តើ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃដែរ​ទេ​? ​មែន​ហើយ​ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍ដទៃដែរ 30ព្រោះមាន​ព្រះជាម្ចាស់តែមួយ​អង្គ​ទេព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែកនិង​អ្នក​មិនកាត់ស្បែក​ជា​សុចរិតដោយសារជំនឿ 31ដូច្នេះតើ​យើង​នឹង​ទុក​គម្ពីរវិន័យ​ជា​ឥតប្រយោជន៍ដោយព្រោះជំនឿ​ឬ? ​មិនមែនដូច្នោះទេ! ​ផ្ទុយទៅវិញ​យើង​លើកស្ទួយគម្ពីរវិន័យ
Copyright information for KhmKCB